គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេនខេស៊ី (ខេមបូឌា) ភីអិលស៊ី មានមោទនភាព និងស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ លោក Bin Dae-In ប្រធានក្រុមប្រឹក្សាភិបាលនៃ BNK Financial Group
ដំណើរទស្សនកិច្ចរបស់ លោកប្រធាន Bin Dae-In
ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់នៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេនខេស៊ី (ខេមបូឌា) ភីអិលស៊ី មានមោទនភាព និងសេចក្តីសោមនស្សរីករាយងខ្លាំង ដែលបានចូលរួមទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ លោក Bin Dae-In ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុនមេ BNK Financial Group ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់មកពីសាធារណរដ្ឋកូរ៉េ មកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃទី ២២ - ២៣ ខែមិថុនា ឆ្នាំ ២០២៦ កន្លងទៅនេះ។
នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចដ៏ឧត្តុង្គឧត្តមនេះ លោក Bin Dae-In រួមជាមួយគណៈគ្រប់គ្រងជាន់ខ្ពស់របស់ BNKC MFI Plc. បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។ នៅក្នុងជំនួបនេះ លោកប្រធានបានពាំនាំនូវចក្ខុវិស័យដ៏វែងឆ្ងាយ និងបានសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ BNK Financial Group ក្នុងការបន្តគាំទ្រ និងពង្រីកការវិនិយោគរយៈពេលវែងនៅកម្ពុជា។ លោកប្រធានក៏បានលើកឡើងពីមោទនភាពចំពោះវឌ្ឍនភាពប្រតិបត្តិការប្រកបដោយស្ថិរភាព និងការរីកចម្រើនរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ BNKC MFI Plc. នៅកម្ពុជា ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការកសាងទំនុកចិត្ត និងទាក់ទាញវិនិយោគិនកូរ៉េបន្ថែមទៀត ឱ្យមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា នាពេលអនាគត។
ជាកិច្ចបន្ទាប់ពីជំនួបពិភាក្សាការងារផ្លូវការដ៏មានសារៈសំខាន់ជាមួយ លោកជំទាវបណ្ឌិត ទេសាភិបាល រួចមក លោកប្រធាន ប៊ីន ដេអ៊ីន និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញទៅធ្វើទស្សនកិច្ចបន្តនៅសារមន្ទីរ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) (សារមន្ទីរ សសរ - Sosoro Museum) ដើម្បីឈ្វេងយល់បន្ថែមអំពីប្រវត្តិសាស្ត្រសេដ្ឋកិច្ច និងការវិវត្តនៃរូបិយវត្ថុរបស់កម្ពុជា។ ដំណើរទស្សនកិច្ចនៅសារមន្ទីរនេះ មិនត្រឹមតែស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ និងការផ្តល់តម្លៃយ៉ាងស៊ីជម្រៅរបស់លោកប្រធាន ចំពោះបេតិកភណ្ឌវប្បធម៌ និងឫសគល់សេដ្ឋកិច្ចរបស់កម្ពុជានោះទេ ប៉ុន្តែថែមទាំងជាការឆ្លុះបញ្ចាំងពីការកសាងទំនាក់ទំនងហិរញ្ញវត្ថុមួយដែលផ្អែកលើការយល់ដឹង និងការគោរពគ្នាទៅវិញទៅមកយ៉ាងពិតប្រាកដ។
ដំណើរទស្សនកិច្ចរបស់លោកប្រធាន និងគណៈប្រតិភូជាន់ខ្ពស់មកកាន់កម្ពុជានាពេលនេះ គឺជាសក្ខីកម្មដ៏រឹងមាំ និងជាកាលានុវត្តភាពដ៏វិសេសវិសាល ដែលផ្តល់នូវកម្លាំងចិត្ត និងការណែនាំតម្រង់ទិសដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដល់យើងខ្ញុំទាំងអស់គ្នាជាបុគ្គលិកនៃ BNKC MFI Plc. ក្នុងការបន្តប្តេជ្ញាចិត្តផ្តល់នូវសេវាកម្មហិរញ្ញវត្ថុប្រកបដោយគុណភាព តម្លាភាព និងទំនួលខុសត្រូវខ្ពស់បំផុត ស្របតាមពាក្យស្លោក៖ «ប៊ីអេនខេស៊ី ជាដៃគូអាជីវកម្មល្អបំផុតរបស់អ្នក» និងស្របតាមចក្ខុវិស័យសកលរបស់ BNK Financial Group ជានិរន្តរ៍៕